សកម្មជនស្នើឱ្យរដ្ឋាភិបាលលុបចោលគម្រោងកាត់ដីព្រៃឡង់៩៩ហិកតារឱ្យក្រុមហ៊ុនឯកជន

ក្រុមសកម្មជនបរិស្ថានធ្វើយុទ្ធនាការសង្គ្រោះព្រៃឡង់ តាមបណ្ដាញសង្គមហ្វេសប៊ុក ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបចោលគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយពួកគេបានលើកឡើងថា តំបន់ព្រៃឡង់ទាំងអស់គួរតែត្រូវបានទុកការពារសម្រាប់អ្នកជំនាន់ក្រោយ។

សកម្មជន​បរិស្ថាន​ព្រួយបារម្ភ​ថា គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ជីវចម្រុះ​ដ៏​សម្បួរ​បែប​នៅ​ក្នុង​តំបន់​ព្រៃឡង់ ហើយ​វា​អាច​បង្ក​ជា​ជម្លោះ​រវាង​ក្រុមហ៊ុន ជាមួយ​ក្រុម​ពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​តំបន់​ព្រៃឡង់។

សកម្មជនស្នើឱ្យរដ្ឋាភិបាលលុបចោលគម្រោងកាត់ដីព្រៃឡង់៩៩ហិកតារឱ្យក្រុមហ៊ុនឯកជន ក្រុមសកម្មជនបរិស្ថានធ្វើយុទ្ធនាការសង្គ្រោះព្រៃឡង់ តាមបណ្ដាញសង្គមហ្វេសប៊ុក ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបចោលគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅតំបន់ព្រៃឡង់

ប្រធាន​កម្មវិធី​បណ្តាញ និង​តស៊ូមតិ នៃ​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ​លោក សាន់ ម៉ាឡា បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៣​ឧសភា​ថា ការ​កាត់​ដី​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ទៅ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍ មិន​មែន​ជា​គោលនយោបាយ​ឆ្លាតវៃ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ងាក​ទៅ​ប្រើប្រាស់​ផ្ទៃ​ដី​ទំនេរ​ដែល​សេសសល់ ជាជាង​ទៅ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​ធម្មជាតិ ដើម្បី​យក​ដី​អភិវឌ្ឍ។

កន្លង​មក យើង​តែងតែ​ឃើញ​គំរូ​មិន​ល្អ ដែល​កើត​ចេញ​ពី​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដូចជា​ការ​បន្សល់​ទុក​នៅ​ទំនាស់​ដីធ្លី វិវាទ​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​ពួកគាត់​ធ្លាប់​តែ​អាស្រ័យ​ផល​ទៅ​នឹង​តំបន់​ព្រៃឈើ​ទាំង​អស់​នោះ។

—  លោក សាន់ ម៉ាឡា

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អនុក្រឹត្យ​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥ សម្រេច​កាត់​ដី​៩៩​ហិកតារ នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ស្ថិត​ក្នុង​ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ប្រគល់​ឱ្យ​ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី (K.P Cement Industry Co.,Ltd) ដែល​គេ​ដឹង​ថា​ជា​ក្រុមហ៊ុន​ចិន សម្រាប់​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍។

កាល​ពី​អំឡុង​ឆ្នាំ​២០២៣ ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី និងក្រុមហ៊ុន ឆាយណា អេនើជី ខនស្ដ្រាក់សិន អ៊ិនធើណេសិនណល គ្រុប (China Energy Costruction International Group Co,Ltd) បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ផលិត​ទឹក​ស្អាត និង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍។

បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ក្រចេះ​លោក ស្វាយ សុង បាន​លើកឡើង​ថា សហគមន៍​នៅ​មិន​ទាន់​ប្រទះ​ឃើញ​ក្រុមហ៊ុន​ចិន​នេះ ចូល​ទៅ​បង្កើត​រោងចក្រ​ស៊ីម៉ងត៍​នៅ​ក្នុង​តំបន់​ព្រៃឡង់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា សហគមន៍​បាន​ឭ​ដំណឹង​ត​ៗ​ថា ក្រុមហ៊ុន​នេះ គ្រោង​ចូល​ទៅ​វិនិយោគ​បង្កើត​រោងចក្រ​នៅ​ក្នុង​ចំណុច​កំបោរជ្រោង ស្ថិត​ក្នុង​ដែន​ជម្រក​ព្រៃឡង់ ដែល​ជា​តំបន់​ព្រៃឈើ​ក្រាស់​មាន​ដើម​ឈើ​តូច​ធំ និង​មិន​មែន​ជា​តំបន់​ព្រៃ​រេចរឹល​នោះ​ទេ។

ពួក​ខ្ញុំ​ជា​បណ្ដាញ​សហគមន៍​ព្រៃឡង់ ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ព្រួយបារម្ភ ព្រោះ​ការ​សាងសង់ ឬ​ការ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង។ ពួក​ខ្ញុំ​ស្ដាយ ព្រោះ​តំបន់​ហ្នឹង ជា​តំបន់​ការពារ​និង​អភិរក្ស​របស់​ព្រៃឡង់។

—  លោក ស្វាយ សុង

ជុំវិញ​បញ្ហា​នេះ អ្នក​ជំនាញ​គោលនយោបាយ​ផ្នែក​សិទ្ធិ​មនុស្ស និង​បរិស្ថាន​លោក ហេង គឹមហុង ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​បង្ហាញ​របាយការណ៍​ជា​សាធារណៈ ស្ដីពី​ផល​ប៉ះពាល់ នៃ​ការ​ផ្ដល់​ដី​ក្នុង​ដែន​ការពារ​ព្រៃឡង់​មុន​នឹង​ប្រគល់ ឱ្យ​ក្រុមហ៊ុន​ឯកជន​យក​ទៅ​អភិវឌ្ឍ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ពី​តម្លាភាព ជុំវិញ​កម្រិត​ផល​ប៉ះពាល់​ដល់​ជីវៈចម្រុះ និង​ប្រាប់​ពី​ទីតាំង​ដី​ព្រៃ​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន ដើម្បី​កុំ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​ជាមួយ​ពលរដ្ឋ។

បើ​សិន​ជា​ទំហំ​នៃ​ផល​ប៉ះពាល់ វា​ធំ​ពេក វា​ធ្ងន់ធ្ងរ​ពេក ខ្ញុំ​គិត​ថា ប្រហែល​ជា​ត្រូវ​ជជែក​គ្នា​ឡើង​វិញ​ដែរ។ ប្រសិន​បើ ការ​សិក្សា​រកឃើញ​ថា ទីនោះ​ជា​តំបន់​ព្រៃ​សឹក​រេចរឹល​ហើយ ពុំ​មែន​ជា​តំបន់​សំខាន់ នៃ​ការ​អភិរក្ស​និង​ការពារ​ទេ។ ការ​អភិវឌ្ឍ ក៏​វា​ទំនង​ចំណេញ​ទៅ​ដល់​ប្រជាពលរដ្ឋ ឬ​ក៏​ចំណេញ​ទៅ​ដល់​សេដ្ឋកិច្ច​ជាតិ។

—  លោក ហេង គឹមហុង

ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ទំហំ​ជាង​៤​សែន (៤៣១,៦៨៤) ហិកតារ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៤ គឺ​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ​និង​អភិរក្ស​តាំង​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​ក្រុម​យុវជន​បរិស្ថាន ចុះ​រកឃើញ​ថា ព្រៃឡង់​បន្ត​រង​ការ​កាប់​បំផ្លាញ​គួរ​ឱ្យ​ព្រួយបារម្ភ។ ចំណែក​ទិន្នន័យ​ពី​អង្គការ​ឃ្លាំមើល​ព្រៃឈើ​សាកល (Global Forest Watch) កាល​ពី​ឆ្នាំ​២០២៣ បង្ហាញ​ដែរ​ថា គិត​ចាប់​ពី​ឆ្នាំ​២០១៨​មក ព្រៃឡង់​ជាង​៤​ម៉ឺន​៨​ពាន់ (៤៨,៧៤០) ហិកតា ត្រូវ​បាន​បាត់បង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។