ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានចុះផ្សាយថា លោក អង់តូនីញ៉ូ ហ្គូទែរ៉េស កំពុងយកចិត្តទុកដាក់តាមដានជម្លោះព្រំដែនកម្ពុជា-ថៃ និងស្វាគមន៍ចំពោះបទឈប់បាញ់ ហើយចង់ឱ្យប្រទេសទាំងពីរស្ដារទំនាក់ទំនងដូចដើមឡើងវិញ។
ប្រធានអង្គការសហប្រជាជាតិក៏បានទទួលយកសំណើពីលោក ហ៊ុន ម៉ាណែត ក្នុងការជំរុញឱ្យប្រទេសថៃចៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដើម្បីងាកមកដោះស្រាយដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) និងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ រួមទាំងសន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
ជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនេះ បានធ្វើឡើងអំឡុងពេលលោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា និងបានជួបពិភាក្សាទ្វេភាគីជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀត ដូចជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នាយករដ្ឋមន្ត្រីវៀតណាម ប្រធានាធិបតីឡាវ នាយករដ្ឋមន្ត្រីនេប៉ាល់ និងនាយករដ្ឋមន្ត្រីឥណ្ឌាជាដើម។
ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានចុះផ្សាយដែរថា នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន គឺលោក ស៊ី ជីនពីង មេដឹកនាំចិនរូបនេះ បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនគាំទ្របទឈប់បាញ់កម្ពុជា-ថៃ រួមទាំងគាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។
ប្រធានាធិបតីចិនក៏ប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលបញ្ហានយោបាយនិងសង្គមលោក ប៉ោ មករា បានលើកឡើងថា ជារឿងល្អដែលកម្ពុជាស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីឱ្យជួយដាក់សម្ពាធលើប្រទេសថៃ ឱ្យគោរពតាមច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន។
ពីព្រោះយើងដឹងហើយ ទាំងកម្ពុជានិងថៃ គឺស្ថិតក្នុងសណ្ដាប់ធ្នាប់របស់ពិភពលោក ហើយនៅក្នុងហ្នឹង កម្ពុជាក៏ស្ថិតនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយថៃក៏ស្ថិតក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយកម្ពុជានិងថៃ ក៏ជាសមាជិកអាស៊ាន។ អ៊ីចឹង ធម្មនុញ្ញរបស់អាស៊ាន ក៏បាននិយាយពីបញ្ហានៃការរំលោភអធិបតេយ្យភាព ឬក៏និយាយអំពីការគោរព និងជួយជ្រោមជ្រែងគ្នា ក្នុងការអភិវឌ្ឍប្រទេសជាសមាជិក។
— លោក ប៉ោ មករា
កាលពីថ្ងៃទី២៧ ខែសីហា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា ក៏បានជួបពិភាក្សាជាមួយអគ្គលេខាធិកាអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទេរ៉េស ដើម្បីដាក់ភស្ដុតាង និងរាយការណ៍ពីសកម្មភាពយោធាថៃរំលោភបទឈប់បាញ់ ជាពិសេស ការរាយបន្លាលួសតាមព្រំដែន កាត់យកភូមិពលរដ្ឋខ្មែរ និងបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងដែលបានរស់នៅយូរមកហើយនៅក្នុងខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។