ក្រោយករណីឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា កេរ្តិ៍ឈ្មោះរបស់អភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត ចាប់ផ្ដើមល្បីរន្ទឺលើទំព័រសារព័ត៌មាន និងបណ្ដាញសង្គម។ នេះគឺដោយសារលោកត្រូវបានគេសង្ស័យថា ជាអ្នករៀបគម្រោងធ្វើឃាតលោក លិម គិមយ៉ា តាមបញ្ជារបស់លោក ហ៊ុន សែន។ តើលោក ឃ្លាំង ហួត មានប្រវត្តិបែបណា?
លោក ឃ្លាំង ហួត ជាមន្ត្រីមួយរូប ដែលហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុន។ ភាពប្ដូរផ្ដាច់នេះស្ដែងឡើងក្នុងទិវាជ័យជម្នះ ៧ មករារបស់គណបក្សប្រជាជនកម្ពុជា ដែលលោក ឃ្លាំង ហួត បានឡើងថ្លែងអំពីការប្ដេជ្ញាចិត្ត ក្នុងនាមជាតំណាងអង្គមីទ្ទិញ។
ប្ដេជ្ញាដាច់ខាត កម្ចាត់ចោលក្រុមបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។
— លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ
លោក ឃ្លាំង ហួត មានអាយុ ៥៤ឆ្នាំ និងមានឈ្មោះក្រៅថា ម៉ាប់។ លោកធ្លាប់រស់នៅជំរំតស៊ូនៅព្រំដែនខ្មែរ-ថៃ គឺជំរំសីហនុនិយម សាយប៊ី (Site B) ហើយលោកអះអាងថា លោកក៏ធ្លាប់ជាយោធិនម្នាក់ដែរ។ ឪពុករបស់លោក ឃ្លាំង ហួត គឺលោក ថាច់ ឃន អតីតមន្ត្រីយោធាជាន់ខ្ពស់នៃគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលបានចុះចូលជាមួយលោក ហ៊ុន សែន។ លោក ឃ្លាំង ហួត ចេះភាសាថៃស្ទាត់ជំនាញ ហើយស្គាល់មន្ត្រីអ្នកមុខអ្នកការ ព្រមទាំងមានបណ្ដាញច្រើននៅប្រទេសថៃ។
លោក ឃ្លាំង ហួត បានកាន់តំណែងជាអភិបាលខណ្ឌទួលគោក និងក្រោយមកផ្លាស់ទៅអភិបាលខណ្ឌឫស្សីកែវកូតាគណបក្សហ៊្វុនស៊ិនប៉ិច។ លោកត្រូវបានគេពណ៌នាថា ជាមនុស្សអំនួត និងឱកាសនិយម។
ចេញពីហ៊្វុនស៊ិនប៉ិចបម្រើលោក ហ៊ុន សែន
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ដែលធ្លាប់ជាមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចមួយរូបដែរនោះអះអាងថា លោក ឃ្លាំង ហួត មិនបានបម្រើគណបក្សហ៊្វុនស៊ិនប៉ិចឱ្យបានត្រឹមត្រូវនោះទេ តែបែរជាបម្រើលោក ហ៊ុន សែន ទៅវិញ។
កូតាតំណែងនៅខណ្ឌទួលគោកដែលត្រូវបានទៅគណបក្សហ៊្វុនស៊ិនប៉ិច គាត់លក់ឱ្យគណបក្សប្រជាជនកម្ពុជាទាំងអស់។ ក្រោយមកសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានមានបន្ទូលនៅក្នុងអង្គប្រជុំនៅចំពោះមុខលោក ឃ្លាំង ហួត ហ្នឹងតែម្ដងថា លោក ឃ្លាំង ហួត ឯងមិនគួរណាឡើយទៅបម្រើសម្ដេច ហ៊ុន សែន ដែលជាអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ។ លោក ឃ្លាំង ហួត ឯង ជាមន្ត្រីរបស់គណបក្សហ៊្វុនស៊ិនប៉ិច ម្ល៉ោះហើយគួរតែស្ដាប់ការណែនាំរបស់ព្រះអង្គ ព្រះអង្គមានបន្ទូលបែបនេះនៅក្នុងអង្គប្រជុំជាច្រើនដង មិនមែនតែម្ដងទេ។ រហូតដល់ពេលមួយ ព្រះអង្គមានបន្ទូលជាសាធារណៈបញ្ជាឱ្យដកលោក ឃ្លាំង ហួត ចេញតែម្ដង ប៉ុន្តែអត់មានអ្នកណាដកចេញបាន ដោយសារមានលោក ហ៊ុន សែន ជាអ្នកការពារ។
— លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយ
លោក ឃ្លាំង ហួត បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅអំឡុងឆ្នាំ២០០៥។ លោកនៅរក្សាបានតួនាទីជាអភិបាលខណ្ឌឫស្សីកែវដដែល ប៉ុន្តែកូតាគណបក្សប្រជាជនកម្ពុជាវិញម្ដង។ លោក ឃ្លាំង ហួត បកស្រាយថា នេះជាសិទ្ធិសេរីភាពផ្នែកនយោបាយរបស់លោក។
ច្បាប់គេបើកចំហឱ្យប្រជាជនគ្រប់គ្នាមានសិទ្ធិធ្វើនយោបាយ ជ្រើសរើសគណបក្សនយោបាយ។ អាហ្នឹងអត់ត្រូវសួរទេ។ ជាសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ គឺអ៊ីចឹង។
— លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ
ក្រោមការគ្រប់គ្រងរបស់លោកនៅខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ អាជ្ញាធរបានរឹតត្បិត និងរំលោភសិទ្ធិសេរីភាពពលរដ្ឋជាច្រើនករណី មានជាអាទិ៍ ការរារាំងពលរដ្ឋសហគមន៍ឡពាងនៃខេត្តកំពង់ឆ្នាំងមិនឱ្យឡើងមកតវ៉ានៅភ្នំពេញ និងការឈូសឆាយលំនៅឋានពលរដ្ឋជ្រោយចង្វារ ដើម្បីយកដីទៅឱ្យក្រុមហ៊ុន OCIC របស់លោក ពុង ឃាវសែ ជាដើម។
មន្ត្រីសម្បូររឿងអាស្រូវ ដូចជា ល្បែងស៊ីសង និងអំពើពុករលួយ
ជាមួយគ្នានេះ លោក ឃ្លាំង ហួត ជាមន្ត្រីមួយរូបដែលសម្បូររឿងអាស្រូវ ដូចជា ល្បែងស៊ីសង និងអំពើពុករលួយ ហើយរឿងអាស្រូវទាំងនេះត្រូវបានចុះផ្សាយដោយកាសែតក្នុងស្រុក និងមានការបញ្ជាក់ពីអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែលោក ឃ្លាំង ហួត បានបដិសេធការចោទប្រកាន់ទាំងនេះ។
ទន្ទឹមគ្នានឹងរឿងអាស្រូវមួយចំនួន លោក ឃ្លាំង ហួត និងប្រពន្ធ ក៏ធ្លាប់រងបណ្ដឹងរឿងឆបោកលុយគេរាប់សែនដុល្លារផងដែរ។
អតីតតំណាងរាស្ត្រខេត្តបាត់ដំបងនៃគណបក្ស សម រង្ស៊ី ដែលបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាហើយក្លាយទៅជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ គឺលោក លន់ ភុន ធ្លាប់បានប្ដឹងភរិយារបស់លោក ឃ្លាំង ហួត ឈ្មោះ អ៊ួង សុផល្លា និងលោក ឃ្លាំង ហួត ផ្ទាល់ អំពីបទ «ឆបោក និងសមគំនិតក្នុងអំពើឆបោកលុយ» ចំនួនជាង ៧សែន ៣ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តទៅកាលពីឆ្នាំ២០០៦ និង២០០៧។ តុលាការក្រុងភ្នំពេញបានកោះហៅលោក ឃ្លាំង ហួត និងភរិយា លោកស្រី អ៊ួង សុផល្លា ទៅបំភ្លឺរឿងនេះ កាលពីខែឧសភា ឆ្នាំ២០១៤។ នេះបើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ និងសារព័ត៌មានក្នុងស្រុកមួយចំនួន ប៉ុន្តែគេមិនឃើញមានព័ត៌មានស្ដីពីសេចក្ដីសម្រេចរបស់តុលាការក្នុងសំណុំរឿងឆបោកនេះទេ។
ទោះបីជាមានរឿងអាស្រូវជុំទិស និងរងការចោទប្រកាន់រឿងឆបោកលុយគេរាប់សែនដុល្លារក៏ដោយ លោក ឃ្លាំង ហួត នៅតែអាចរំកិលខ្លួនទៅជិតនឹងលោក ហ៊ុន សែន ដើម្បីបានតំណែងធំ។
ក្លាយជាមនុស្សជំនិតរបស់លោក ហ៊ុន សែន យ៉ាងលឿន
លោកបានក្លាយយ៉ាងលឿនរហ័សទៅជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដោយពីដំបូងជាជំនួយការ និងបច្ចុប្បន្នជាទីប្រឹក្សា បន្ថែមលើការងារបក្ស និងរដ្ឋរបស់លោក។ លោកកាន់តែឡើងតែម ដោយសារលោកចេះភាសាថៃស្ទាត់ជំនាញ ហើយចៅហ្វាយនាយរបស់លោក មានទំនាក់ទំនងចាក់ទឹកមិនលិចជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)។
លោក ឃ្លាំង ហួត មានមុខគ្រប់កម្មវិធី ឱ្យតែជាជំនួបរវាងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ឬក៏កម្មវិធីរវាងក្រុមគ្រួសារលោក ហ៊ុន សែន ជាមួយក្រុមគ្រួសាររបស់លោក ថាក់ស៊ីន។ ជួនកាលលោក ឃ្លាំង ហួត មានឱកាសជិះយន្តហោះរួមដំណើរដោយផ្ទាល់ជាមួយលោក ហ៊ុន សែន ទៀតផង ដូចជាដំណើរទៅជួបសួរសុខទុក្ខលោក ថាក់ស៊ីន កាលពីឆ្នាំមុនជាដើម។
ដោយសារតែទំនាក់ទំនងជិតស្និទ្ធនេះហើយ លោក ឃ្លាំង ហួត ក៏ត្រូវបានគេសង្ស័យថា បានក្លាយជាមនុស្សគន្លឹះរបស់លោក ហ៊ុន សែន ក្នុងការរៀបចំ និងអនុវត្តផែនការទុច្ចរិតនានា ដើម្បីកម្ចាត់ក្រុមអ្នកនយោបាយប្រឆាំងរបស់កម្ពុជានៅលើទឹកដីថៃ ក្នុងនោះក៏រួមទាំងករណីឃាតកម្មលើលោក លិម គិមយ៉ា នៅកណ្ដាលក្រុងបាងកក កាលពីថ្ងៃទី៧ មករា កន្លងទៅនេះដែរ។
រងការចោទថា ជាអ្នករៀបចំគម្រោងសម្លាប់លោក លិម គិមយ៉ា
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់លោក ឃ្លាំង ហួត ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក លិម គិមយ៉ា ទៅតាមបញ្ជារបស់លោក ហ៊ុន សែន។
លិម គិមយ៉ា គាត់ទើបចេញពីស្រុកខ្មែរទៅស្រុកថៃ។ គម្រោងគាត់នៅប្រទេសថៃដល់ថ្ងៃទី២០ មករា អ៊ីចឹង ឃ្លាំង ហួត គាត់ខ្លាច ហ៊ុន សែន ស្ដីឱ្យទៀត ត្រូវសម្លាប់ លិម គិមយ៉ា ឱ្យទាន់ គឺថ្ងៃទី៧ មករា ២០២៥។ រឿងនេះ យើងត្រូវចេះបូក យើងមានរូបភាព យើងមានចំណុចនេះ ចំណុចនោះ ទាល់តែយើងបូកផ្សំទៅ ទើបយើងឃើញថា ហ៊ុន សែន ជាអ្នកបញ្ជា ឃ្លាំង ហួត ឱ្យសម្លាប់ លិម គិមយ៉ា។ សម្លាប់ ផន ផាន់ណា អត់បាន តែសម្លាប់ លិម គិមយ៉ា ឱ្យបាន ហើយសម្លាប់ឱ្យទាន់ពេលវេលា។
— លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ចោទប្រកាន់បែបនេះ ដោយយោងទៅលើខ្សែអាត់សំឡេងបែកធ្លាយមួយកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលលោក ហ៊ុន សែន បានដាក់បញ្ជាឱ្យបុគ្គលម្នាក់ដែលគេជឿថា ជាលោក ឃ្លាំង ហួត ឱ្យតាមចាប់សកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា បញ្ជូនទៅកម្ពុជាវិញ ទោះជារស់ ឬស្លាប់ក៏ដោយ។
អាហួត ត្រូវទទួលខុសត្រូវលើការងារនេះ ដោយធ្វើការជាមួយនគរបាលថៃ។ ហើយក្រុមអាវក្រហមក៏ត្រូវតែចូលរួម ដែលមានការសហការល្អជាមួយយើង ត្រូវធ្វើសកម្មភាពនេះផងដែរ ហើយដែលធ្វើសកម្មភាពដាច់ដោយឡែកពីនគរបាលថៃ និងកម្លាំងយើងផ្ទាល់ក៏ត្រូវតាមយកអាមួយនេះឱ្យបាន បើទោះបីដោយតម្លៃណាក៏ដោយ។ រស់ ឬស្លាប់ យើងអត់ដឹងទេ ដឹងតែថា ឱ្យមួយហ្នឹង គឺមិនអាចទៅណា មិនឱ្យចេញទៅណាបាន។
— លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា
ឆ្លើយតបការចោទប្រកាន់នេះ លោក ឃ្លាំង ហួត បានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា នោះទេ។
ប្រទេសថៃ បងទៅឆែកសុខភាពធម្មតាហ្នឹង អត់អីផង ព្រោះអត់មានពាក់ព័ន្ធជាមួយបងផង ព្រោះខាងអាជ្ញាធរថៃគេបានបញ្ជាក់ហើយថា អ្នកណាពាក់ព័ន្ធ អ្នកណាមិនពាក់ព័ន្ធ។ បងបានបញ្ជាក់ហើយថា បងអត់បានទទួលសំឡេងហ្នឹងទេ ទីមួយ។ ទីពីរ ខាងរដ្ឋាភិបាលបានបញ្ជាក់ហើយថា AI។ បើ សម រង្ស៊ី ចោទប្រកាន់ ត្រូវតាមរកថា តើប្រភពសំឡេងមកពីណា? នែ បងបានប្រាប់ហើយណា រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងថៃ មានសហប្រតិបត្តិការនឹងគ្នាល្អ ជាពិសេសបញ្ហាសន្តិសុខ។ ករណីបែកធ្លាយសំឡេងយកឈ្មោះ ផន ផាន់ណា មិនបាច់ទៅនិយាយអ៊ីចឹងទេ សម្ដេចតេជោ បើយល់ថា ផន ផាន់ណា គ្រោះថ្នាក់ដល់គណបក្សប្រជាជនកម្ពុជា ឬដល់ជាតិ អត់ពិបាកទេ បកចេក។
— លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ
បាត់ខ្លួនសកម្មជនអាវក្រហមថៃនៅកម្ពុជា
ក្រៅពីករណីឃាតកម្មលើលោក លិម គិមយ៉ា នេះ លោក សម រង្ស៊ី បានចោទប្រកាន់លោក ឃ្លាំង ហួត ទៀតថា ជាអ្នកអនុវត្តផែនការធ្វើឱ្យបាត់ខ្លួនសកម្មជនអាវក្រហមថៃមួយរូបគឺលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធ (Wanchalearm Satsaksit) កាលពីឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ទៅតាមបញ្ជារបស់លោក ហ៊ុន សែន ដែលចង់យកចិត្តរបបសឹកថៃ ដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-cha) នៅពេលនោះ។
លោក វ៉ាន់ឆាឡឺម ត្រូវបានជនមិនស្គាល់មុខមួយក្រុមចាប់ពង្រត់ចូលឡាន នៅខាងមុខអគារស្នាក់នៅរបស់លោក គឺខុនដូ មេគង្គ ហ្គាឌិន (Mekong Gardens) ស្ថិតនៅខណ្ឌជ្រោយចង្វារ ខណៈលោក ឃ្លាំង ហួត ជាអភិបាលខណ្ឌជ្រោយចង្វារនៅពេលនោះ។
ដូចគ្នានឹងករណីឃាតកម្មលោក លិម គិមយ៉ា ដែរ លោក ឃ្លាំង ហួត បានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម ឡើយ។
ខ្ញុំមិនមែនឪអាឆាឡឺមហ្នឹងណា! រឿងបាត់មនុស្ស ម្ដេចមិននាំគ្នាទៅស៊ើបអង្កេតទៅ មកសួរអ្វីខ្ញុំ។ ហ៊ី ឱ្យតែបាត់មនុស្ស ឱ្យតែងាប់ គឺដាក់គោលដៅមកសួរតែខ្ញុំតែម្ដងហ្អី? ខ្ញុំអភិបាលរង មិនមែនអភិបាលរងរាជធានីភ្នំពេញដែលទទួលបន្ទុករឿងទៅមើលអានេះ ទៅមើលអានោះនោះទេ អត់ទេ!
— លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ
អត្ថបទស៊ើបអង្កេតលាតត្រដាងពី លោក ឃ្លាំង ហួត
ផ្ទុយពីការបកស្រាយនេះ អត្ថបទស៊ើបអង្កេតរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) សហការជាមួយស្ថាប័នព័ត៌មាន ប្រាឆាថៃ (Prachatai) របស់ប្រទេសថៃ កាលពីឆ្នាំ២០២២ បានលាតត្រដាងថា លោក ឃ្លាំង ហួត គឺជាអ្នកគ្រប់គ្រងសកម្មជនអាវក្រហមថៃជាច្រើននាក់ដែលភៀសខ្លួនមកកម្ពុជា ក្រោយរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នៅឆ្នាំ២០១៤។ រាល់ការចំណាយរបស់ក្រុមសកម្មជនអាវក្រហមទាំងនោះ មានដូចជា ម្ហូបអាហារ អ៊ីនធឺណិត និងកន្លែងស្នាក់នៅ ជាដើម លោក ឃ្លាំង ហួត ជាអ្នករ៉ាប់រង ខណៈលោក ឃ្លាំង ហួត និងលោក វ៉ាន់ឆាឡឺម ជាមិត្តភ័ក្ដិឧស្សាហ៍ផឹកស៊ីជាមួយគ្នា។ ថ្វីបើជាអ្នកជួយពួកអាវក្រហមទាំងនោះក្ដី ប្រភពមួយក្នុងអត្ថបទស៊ើបអង្កេតនោះបានបញ្ជាក់ថា លោក ឃ្លាំង ហួត ព្យាយាមជ្រៀតជ្រែកការងារផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងនោះក៏រួមទាំងប៉ុនប៉ងមិនឱ្យពួកគេបានទៅប្រទេសទីបី និងការដាក់លក្ខខណ្ឌនៃការរស់នៅលើពួកគេផងដែរ។
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ថ្លែងថា លោក ឃ្លាំង ហួត ជាបុគ្គលសំខាន់មួយរូប ដែលគួរតែត្រូវបានគេស៊ើបអង្កេត ទាំងក្នុងករណីលោក វ៉ាន់ឆាឡឺម និងលោក លិម គិមយ៉ា។
លោក ឃ្លាំង ហួត ហ្នឹងជាមនុស្សគន្លឹះក្នុងការអនុវត្តឧក្រិដ្ឋកម្មនយោបាយរបស់លោក ហ៊ុន សែន មិនអាចប្រកែកបានទេ។ ករណីដែលមានការពាក់ព័ន្ធទៅនឹងការបាត់ខ្លួនសកម្មជនអាវក្រហមថៃនៅភ្នំពេញ ទាំងការសម្លាប់លោក លិម គិមយ៉ា នៅទីក្រុងបាងកក ត្រូវតែមានការស៊ើបអង្កេតលើលោក ឃ្លាំង ហួត ទើបអាចធានាបានថា ចំណែកយុត្តិធម៌ផ្សេងទៀតដែលរួមផ្សំឱ្យទៅជាកម្រិតយុត្តិធម៌ខ្ពស់ អាចទទួលយកបាន។
— លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយ
លោក ឃ្លាំង ហួត កំពុងរស់នៅមានសេរីភាព និងពង្រឹងអំណាចរបស់ខ្លួនកាន់តែខ្លាំង តាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន និងក្រុមគ្រួសារត្រកូល ហ៊ុន ដែលលោកហៅថា ជា «អ្នកមានគុណ» របស់លោក។ ប៉ុន្តែអ្វីៗ មិនទៀងទាត់នោះទេ។ ប្រសិនបើថ្ងៃណាមួយលោកធ្វើឱ្យចៅហ្វាយនាយរបស់លោកទាស់ចិត្ត ឬក៏បើចៅហ្វាយនាយរបស់លោកអស់អំណាច នោះអ្វីៗ ដែលលោកកំពុងមាននៅពេលនេះ ក៏អាចនឹងត្រូវប្រែប្រួល ហើយប្រសិនបើលោកមានអាថ៌កំបាំងកំពុងលាក់ទុកនោះ វាក៏អាចនឹងត្រូវបានគេលាតត្រដាងផងដែរ នៅពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។