សេចក្ដីថ្លែងការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិស្ដីទីថៃលោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) និងមានអ្នកចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន បានបង្ហាញថា កម្ពុជានិងថៃបានសម្រេចកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងនោះ លក្ខខណ្ខបទឈប់បាញ់មាន០៩ចំណុច យន្តការសម្រាប់អនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់មាន៣ចំណុច និងមួយចំណុចទៀត ជាកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំ GBC នៅពេលបន្ទាប់។
ចំពោះលក្ខខណ្ឌបទឈប់បាញ់ទាំង៩ចំណុច រួមមាន ត្រូវឈប់បាញ់គ្នាដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ លើទីតាំងជនស៊ីវិល និងយោធា ត្រូវរក្សាចំនួនកងទ័ពដដែល ដោយមិនចល័តចូលទៅទីតាំងភាគីម្ខាងទៀត ដែលឈរជើងចាប់តាំងពីបទឈប់បាញ់គ្នាចូលជាធរមានតាំងពីម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដាមក។ ភាគីទាំងពីរ មិនត្រូវបង្កើនកងកម្លាំង ឬធ្វើសកម្មភាពបង្កឱ្យមានភាពតានតឹង និងមិនត្រូវសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីទីតាំងរបស់ខ្លួន។
ភាគីទាំងពីរ មិនត្រូវប្រើប្រាស់កម្លាំងគ្រប់ប្រភេទវាយប្រហារលើជនស៊ីវិល ឬភូមិឋានរបស់ជនស៊ីវិល ដែលបង្កគ្រោះថ្នាក់ដល់សហគមន៍ និងរំលោភច្បាប់អន្តរជាតិ ត្រូវអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិលើទាហានដែលត្រូវចាប់ខ្លួន ត្រូវជួបជជែកតាមយន្តការទ្វេភាគីដែលមានស្រាប់គ្រប់កម្រិត នៅពេលមានជម្លោះប្រដាប់អាវុធកើតឡើង ដើម្បីកុំឱ្យរីលរាលនៅទូទាំងព្រំដែន និងត្រូវបញ្ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិតឬក្លែងក្លាយដើម្បីកុំឱ្យកើនឡើងភាពតានតឹង និងជះផលអវិជ្ជមានដល់អារម្មណ៍សាធារណៈជន។ លើសពីនេះភាគីទាំងពីរ ត្រូវបើកកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) អំឡុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីកិច្ចប្រជុំGBC។
ចំណែកយន្តការសម្រាប់អនុវត្តលក្ខខណ្ឌបទឈប់បាញ់ គឺកម្ពុជានិងថៃបន្តប្ដេជ្ញាចិត្តអនុវត្តតាមបទឈប់បាញ់ ដែលសម្រេចក្នុងកិច្ចប្រជុំពិសេសថ្នាក់នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងនោះ រួមទាំងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តបទឈប់បាញ់ ប៉ុន្តែក្នុងដំណាក់កាលបឋម ត្រូវមានក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍លើបទឈប់បាញ់ភ្លាមៗ។
ចំពោះចំណុចចុងក្រោយ គឺកម្ពុជានិងថៃ នឹងត្រូវបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ក្នុងរយៈពេល១ខែនេះ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី០៧ ខែសីហា ឬអាចត្រូវបានកោះហៅឱ្យបើកកិច្ចប្រជុំនេះភ្លាមៗ ដើម្បីពិភាក្សាលើបទឈប់បាញ់គ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុកសាទរចំពោះលទ្ធផលនេះ ហើយលោកបន្តថា នៅក្នុងកិច្ចប្រជុំ ភាគីកម្ពុជាក៏បានស្នើឱ្យកងទ័ពថៃដោះលែងយោធាកម្ពុជា១៨រូបឱ្យបានឆាប់។ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា បានសរសេរលើហ្វេសប៊ុកដោយសង្ឃឹមថា ភាគីថៃនឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំដោយតម្លាភាព ស្មោះត្រង់ និងគោរពបទឈប់បាញ់គ្នា ដើម្បីសុខសន្ដិភាពដល់កងទ័ពនិងប្រជាជនប្រទេសទាំងពីរ។
កម្ពុជានិងថៃបានព្រមព្រៀងឈប់បាញ់ តាមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងការសម្របសម្រួលពីប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim)។
ហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានផ្សាយថា អំឡុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី មេបញ្ជាការប្រចាំបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកឧត្តមនាវី ស៊ែមញ៉ូល ផាផារ៉ូ (Samuel J. Paparo) និងអគ្គរដ្ឋទូតអាមេរិកប្រចាំនៅម៉ាឡេស៊ីបានជួបគណៈប្រតិភូកម្ពុជានិងថៃ ដើម្បីលើកទឹកចិត្ត និងបញ្ជាក់ពីជំហរសហរដ្ឋអាមេរិកគាំទ្រពេញទំហឹងចំពោះបទឈប់បាញ់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។