រដ្ឋសភាបានលើកឡើងថា ការអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យមានការដកសញ្ជាតិនេះ បានធ្វើឡើងស្របពេលប្រទេសកំពុងប្រឈមនឹងការឈ្លានពានពីរដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ជាពិសេសអ្នករស់នៅក្រៅប្រទេស បានធ្វើសកម្មភាពក្បត់ជាតិដោយគប់គិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ និងឧត្តមប្រយោជន៍ជាតិ។
ទោះយ៉ាងណា អង្គការ សមាគម ដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ដីធ្លី និងបរិស្ថានចំនួន៥០ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា អំពាវនាវឱ្យទម្លាក់ចោលការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិ។ សេចក្ដីថ្លែងការណ៍ចុះកាលពីថ្ងៃទី២៤ ខែសីហា បានលើកឡើងថា ការអនុម័តច្បាប់ដកសញ្ជាតិ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិ និងរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សហើយជាកំហុសមួយធ្វើឱ្យអន្តរាយដល់សង្គម និងប្រទេសជាតិ។
ក្រុមអង្គការសមាគមទាំងនោះព្រួយបារម្ភថា ច្បាប់ដកសញ្ជាតិនេះ នឹងបង្កឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរយកទៅប្រើប្រាស់ផ្ដោតលើក្រុមមនុស្ស ផ្នែកទៅលើជាតិសាសន៍ និន្នាការនយោបាយ សេរីភាពបញ្ចេញមតិ និងសកម្មភាពនិយមផ្នែកបរិស្ថាននិងសង្គម ហើយអ្នកទាំងនោះ នឹងអាចបាត់បង់សិទ្ធិជាមូលដ្ឋាននៅក្នុងប្រទេសកំណើត ដូចជាសិទ្ធិទទួលបានសេវាសុខាភិបាល អប់រំ ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ សិទ្ធិធ្វើការងារ និងសិទ្ធិធ្វើនយោបាយជាដើម។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានយល់ឃើញថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យបង្កើតច្បាប់ដកសញ្ជាតិ ប្រៀបបាននឹងការលែងចាត់ទុកប្រទេសកម្ពុជាជារបស់ជនជាតិខ្មែរ។ លោកបានបន្តថា ខណៈថៃនិងវៀតណាមតែងចិញ្ចឹមចិត្តឈ្លានពានយកទឹកដីខ្មែរ រីឯត្រកូល«ហ៊ុន» កំពុងព្យាយាមដកព្រលឹងចេញពីពលរដ្ឋខ្មែរ។
ខណៈថៃរួមរួបគ្នាបង្កើនចលនាឈ្លានពានទឹកដីកម្ពុជា ហើយវៀតណាមបង្កើនសកម្មភាពជាយុទ្ធសាស្ដ្រលេបយកទឹកដីកម្ពុជា បែរទៅជាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អនុម័តច្បាប់សញ្ជាតិ ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរ ដែលការពារជាតិ និងស្រលាញ់ប្រជាធិបតេយ្យទៅវិញ គឺធ្វើឱ្យជាតិកម្ពុជាបែកបាក់ និងខ្សោយ បង្កឱ្យបរទេសជិតខាងលេបយកកម្ពុជាតាមទំនើងចិត្ត និងកាន់តែងាយស្រួល។
— លោក គឹម សុខ
ក្រុមពលរដ្ឋមួយចំនួនដែលមិនគាំទ្រច្បាប់ដកសញ្ជាតិបានលើកឡើងបែបចំអកថា រដ្ឋាភិបាលត្រកូល «ហ៊ុន» សុខចិត្តរវល់រឿងធ្វើច្បាប់ដកសញ្ជាតិ ជាងរឿងទាហានថៃដើររាយបន្លាលួសបំពានចូលភូមិពលរដ្ឋខ្មែរនៅតាមព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។