ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំកំពូលៗវៀតណាម រួមមានអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាមលោក តូ ឡឹម ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ ដើម្បីពង្រឹងទំនាក់ទំនងរវាងបក្សនិងបក្ស ប្រទេសនិងប្រទេស អំឡុងពេលលោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមអបអរបុណ្យឯករាជ្យជាតិវៀតណាមលើកទី៨០ នៅទីក្រុងហាណូយ ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញា។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានចុះផ្សាយថា នៅក្នុងជំនួបជាមួយប្រធានបក្សកុម្មុនិស្ដវៀតណាមលោក តូ ឡឹម លោក ហ៊ុន សែន បានចាត់ទុកការទទួលបានឯករាជ្យរបស់វៀតណាមពីបារាំងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ បានក្លាយជាចំណុចមួយនាំឱ្យកើតមានចលនាតស៊ូទាមទារឯករាជ្យនៅក្នុងតំបន់និងពិភពលោក។ លោកបានបន្តថា ទំនាក់ទំនងល្អរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ក៏បានក្លាយជាចំណុចស្នូលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសរីកចម្រើនដែរ។
ចំណែកលោក តូ ឡឹម បានលើកឡើងថា វត្តមានចូលរួមបុណ្យឯករាជ្យជាតិវៀតណាមរបស់លោក ហ៊ុន សែន ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងវៀតណាម ហើយលោកបានជំរុញឱ្យមេដឹកនាំនិងមន្ត្រីគណបក្ស បន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក និងតភ្ជាប់យុវជន និងយុវជនរបស់បក្ស ឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានយល់ឃើញថា មូលហេតុប្រធានបក្សកាន់អំណាចកម្ពុជានិងមេដឹកនាំបក្សកុម្មុយនិស្ដវៀតណាម បន្តប្ដេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកបន្តវេនឱ្យកាន់តែរឹងមាំគឺលោក ហ៊ុន សែន ចង់ឱ្យវៀតណាមជួយគាំទ្រការដឹកនាំរបស់ត្រកូល «ហ៊ុន» ជាថ្នូរលោក ហ៊ុន សែន អាចបន្តផ្ដល់ភាពស្របច្បាប់ឱ្យពលរដ្ឋវៀតណាមរស់នៅកម្ពុជា។
អ៊ីចឹង នៅពេលពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ គឺប្រាកដជាវៀតណាមកាត់ទឹកដីខ្មែរយើងបន្ថែមទៀតទៅវៀតណាម ដើម្បីសងគុណវៀតណាម ដែលវៀតណាមបានលើកបន្តុបលោក ហ៊ុន សែន បានកាន់អំណាចមកដល់សព្វថ្ងៃ និងប្រាប់ឱ្យកម្ពុជាផ្ដល់សញ្ជាតិទៅដល់ជនជាតិវៀតណាមដែលរស់នៅកម្ពុជា ផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមនៅកម្ពុជា និងឱ្យពលរដ្ឋវៀតណាមលើកគោក ផ្ដល់ដី ផ្ដល់ផ្ទះ ដែលរស់នៅកម្ពុជា។
— លោក អ៊ុំ សំអាន
លោក ហ៊ុន សែន និងមេដឹកនាំវៀតណាម បង្ហាញពីទំនាក់ទំនងរឹងមាំនៅពេលនេះ ខណៈកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ ក៏បានប្រាប់លោក ហ៊ុន សែន ថា វៀតណាមនឹងបន្តធ្វើការងារជាមួយប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីជំរុញឱ្យការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យមានប្រសិទ្ធភាព រហូតស្ថានភាពព្រំដែនប្រទេសទាំងពីរ វិលទៅរកភាពប្រក្រតីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។