មន្ត្រីក្រសួងការពារជាតិ៖ ចិនត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍បទឈប់បាញ់កម្ពុជា-ថៃ

មន្ត្រីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ចិនបានប្រកាសត្រៀមខ្លួនចូលរួមធ្វើជាអ្នកសង្កេតការណ៍បទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីជួយឱ្យស្ថានភាពព្រំដែនវិលទៅរកសភាពដូចដើមវិញ។ ការលើកឡើងនេះ ស្របពេលម៉ាឡេស៊ីចង់ឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិ ចូលរួមជាមួយអ្នកសង្កេតការណ៍អាស៊ាន។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២២ ខែសីហា​ថា ភាគី​ប្រទេស​ចិន​បាន​អះអាង​ថា នឹង​បន្ត​ឃ្លាំមើល​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន ហើយ​ត្រៀម​ដាក់​អ្នក​សង្កេតការណ៍​ឱ្យ​ចូលរួម​ឃ្លាំមើល​បទ​ឈប់​បាញ់។

ចិនត្រៀមខ្លួនចូលរួមធ្វើជាអ្នកសង្កេតការណ៍បទឈប់បាញ់កម្ពុជា-ថៃ មន្ត្រីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ចិនបានប្រកាសត្រៀមខ្លួនចូលរួមធ្វើជាអ្នកសង្កេតការណ៍បទឈប់បាញ់រវាងកម្ពុជា-ថៃ។

អ្នកស្រី ម៉ាលី សុជាតា៖ «ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ចូលរួម​ជា​អ្នក​សង្កេតការណ៍ ជួយ​ដល់​ផ្នែក​បច្ចេកទេស ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​ការ​អនុវត្ត​បទ​ឈប់​បាញ់​របស់​កម្ពុជា-ថៃ ឈាន​ដល់​ការ​រក​ដំណោះស្រាយ​វិល​ត្រឡប់​មក​វិញ​នូវ​ប្រក្រតីភាព​»។

ការ​លើកឡើង​នេះ ក្រោយ​ពី​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និយាយ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាន​លើក​ឡើង​ពី​គំនិត​ផ្ដួចផ្ដើម​ស្នើ​ដាក់​អ្នក​សង្កេតការណ៍​អន្តរជាតិ ដែល​ជា​មន្ត្រី​អនុព័ន្ធ​យោធា​មក​ពី​ស្ថានទូត​ក្រៅ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ពង្រឹង​ការ​តាមដាន​បទ​ឈប់​បាញ់។

ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​បដិសេធ និង​ចាត់ទុក​ថា ការ​បន្ថែម​ចំនួន​អ្នក​សង្កេតការណ៍​បទ​ឈប់​បាញ់​ក្រៅ​ពី​អនុព័ន្ធ​យោធា និង​មន្ត្រី​ស្ថានទូត​អាស៊ាន ជា​ការ​ជ្រៀតជ្រែត​ពី​ខាង​ក្រៅ ដោយ​អះអាង​ថា ជម្លោះ​ព្រំដែន​នេះ ជា​បញ្ហា​របស់​កម្ពុជា-ថៃ។

នៅថ្ងៃទី ២២ ខែសីហា ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ប្រកាស​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​រវាង​មេបញ្ជាការ​ភូមិ​ទី​៥​របស់​កម្ពុជា​ជាមួយ​មេបញ្ជាការ​ភូមិ​ភាគ​ទី​១​របស់​ថៃ ដែល​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​អនុវត្ត​បទ​ឈប់​បាញ់ ដែល​បាន​ព្រមព្រៀង​គ្នា​តាម​រយៈ​កិច្ចប្រជុំ​ថ្នាក់​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី និង​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា​ជាថ្មី។

ក្រសួង​ការពារ​ជាតិ​បាន​បន្ត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ មេបញ្ជាការ​ភូមិ​ភាគ​ប្រទេស​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​លើ​សកម្មភាព​ទាហាន​ថៃ​រាយ​បន្លា​លួស​និង​ដាក់​កង់​ឡាន​រំលោភ​ចូល​បូរណភាព​ទឹក​ដី​កម្ពុជា និង​ភូមិឋាន​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន។

ជាមួយគ្នា​នេះរដ្ឋមន្ត្រី​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​លោកប្រាក់សុខុនបាន​ដឹកនាំ​សមាជិក​អង្គ​ទូត​បរទេស​ចំនួន​៤២​ប្រទេសនិង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចំនួន​២២​រូបចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង​យោធា​ថៃ​ចូល​រាយ​បន្លា​លួសកង់ឡាននិង​សំណាញ់​រនាំង​ពណ៌​ខ្មៅនៅ​ភូមិ​ជោគជ័យឃុំ​អូរបីជាន់ស្រុកអូរជ្រៅខេត្ត​បន្ទាយមានជ័យនៅ​ថ្ងៃ​ទី២២ខែសីហា។ដំណើរ​ទស្សនកិច្ច​នេះធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យឧត្តរមានជ័យនិង​ខេត្តសៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។