ពលរដ្ឋមួយចំនួនបានសម្រុកចូលទៅហាមឃាត់ទាហានថៃដែលបន្តចូលរាយបន្លាលួសជាថ្មីនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈក្រុមពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរខ្មែរដាក់របាំងរារាំងពួកគាត់នៅលើផ្លូវធំ មិនឱ្យចូលទៅដល់ទីតាំងជម្លោះ។
នៅលើថ្នល់រាប់ពាន់នាក់ បិទឃាត់ពួកគាត់ធ្វើអី យូរៗទៅបិទតែប្រជាជនគ្នាឯង ឱ្យពួកគាត់ចូលមក ទៅបិទធ្វើអី។ ឥឡូវ អនុព័ន្ធចេញទៅបាត់ហើយ ឥឡូវ ទាហានថៃក៏សម្រុកមកដែរ។ នេះគឺជាសកម្មភាពបងប្អូនយើងច្រូងច្រាង ដំបងម្នាក់មួយៗ ដើម្បីការពារទឹកដីរបស់យើង។
— ពលរដ្ឋ
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរបានរារាំងមិនឱ្យក្រុមអ្នកសារព័ត៌មានផ្សាយផ្ទាល់នៅតាមបន្ទាត់ព្រំដែន ដែលយោធាថៃចូលរាយបន្លាលួសនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺដើម្បីការពារលេណដ្ឋានរបស់ទាហានខ្មែរ និងកុំឱ្យមានការផ្សាយបញ្ឆេះកំហឹងពលរដ្ឋរឿងព្រំដែន ដែលអាចធ្វើឱ្យជម្លោះព្រំដែនកាន់តែពិបាកដោះស្រាយ។
ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានលើកឡើងដែរថា ការហាមឃាត់ពលរដ្ឋមិនឱ្យចូលទៅប្រឈមមុខជាមួយក្រុមយោធាថៃ ដោយសារព្រួយបារម្ភក្រុមពលរដ្ឋទៅតវ៉ាបែបហិង្សាដោយការគប់ដុំថ្មជាដើម ដែលជាសកម្មភាពរំលោភលើបទឈប់បាញ់។
ការប្រមូលផ្ដុំរបស់ពលរដ្ឋខ្មែររាប់ពាន់នេះធ្វើឡើង ស្របពេលពលរដ្ឋថៃដែលជាក្រុមជ្រុលនិយមរាប់រយនាក់ ដែលខ្លះធ្វើដំណើរមកពីទីក្រុងបាងកក បានមកប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងក្រុមពលរដ្ឋខ្មែរ នៅតំបន់ព្រំដែន បានណងចាន់ (Ban Nong Chan) ដែលនៅទល់មុខគ្នាជាមួយភូមិជោគជ័យរបស់កម្ពុជា។
កាលពីថ្ងៃទី២៥ ខែសីហា ក្រុមពលរដ្ឋនៅក្នុងភូមិជោគជ័យរាប់សិបនាក់ បានលើកគ្នាទៅតវ៉ារុញច្រានក្រុមទាហានថៃ បន្ទាប់ពីចូលមករាយបន្លាលួសបន្ថែមព័ទ្ធដីផ្ទះសម្បែងពួកគាត់។ ការរុញច្រាលនេះ បានកើតឡើងបន្ទាប់ពីក្រុមពលរដ្ឋខ្មែរអះអាងថា ពួកគាត់មិនអាចអត់ទ្រាំនឹងការឈឺចាប់បន្ថែម ខណៈទាហានថៃបានរាយបន្លាលួសរំលោភដីខ្មែរ និងបានឈូសបំផ្លាញផ្ទះសម្បែងរបស់អ្នកភូមិអស់ចំនួន ដោយគ្មានទាហានខ្មែរទៅរារាំង។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀសីហាបានបង្ហោះលើហ្វេសប៊ុកថាទាហានខ្មែរបានឈរជើងការពារពលរដ្ឋចេញតវ៉ាប្រឆាំងការរាយបន្លាលួសពីទាហានថៃ។លោកបន្តថាកងកម្លាំងរបស់កម្ពុជាបានរក្សាការពារប្រទេសដោយអត់ធ្មត់បំផុតដើម្បីអនុវត្តបទឈប់បាញ់និងជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធម្តងទៀតដែលធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិនិងជីវិតមនុស្សទាំងសងខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។