អ្នកនាំពាក្យរងកងទ័ពថៃលោកឧត្តមសេនីយ៍ វ៉ាន់ឆាណា សាវ៉ាឌី (Wanchana Sawasdee) បានប្រកាសឱ្យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ទទួលខុសត្រូវរុះរើផ្ទះពលរដ្ឋខ្មែរ១៨ខ្នង ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលទាហានថៃចូលរាយបន្លាលួស និងអះអាងថាជាទឹកដីរបស់ថៃ។
លោកលើកឡើងដូច្នេះ ក្នុងពេលចុះពិនិត្យស្ថានភាពព្រំដែននៅក្នុងខេត្តស្រះកែវកាលពីថ្ងៃទី២៦ ខែសីហា។ លោកបានបញ្ជាក់ថា ការជំរុញឱ្យភាគីកម្ពុជារុះរើផ្ទះទាំង១៨ខ្នង នឹងដាក់បញ្ចូលនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) នៅពេលខាងមុខ ហើយប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមរុះរើ នោះទាហានថៃនឹងប្រើសិទ្ធិដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ចុះទៅរុះរើផ្ទះរបស់ពលរដ្ឋខ្មែរទាំងអស់។
ការលើកឡើងពីអ្នកនាំពាក្យយោធាថៃនេះបានកើតឡើង ស្របពេលពលរដ្ឋខ្មែរនៅភូមិព្រៃចាន់បន្តលើកបដាតវ៉ាឱ្យកងទ័ពថៃបញ្ឈប់ការឈ្លានពានលើទឹកដីកម្ពុជា និងរុះរើបន្លាលួសដែលបានដាក់ព័ទ្ធផ្ទះពួកគាត់តាំងពីថ្ងៃទី១៤ ខែសីហា។ ដោយឡែកពលរដ្ឋនៅភូមិជោគជ័យ ក៏បានលើកគ្នាតវ៉ាយាមផ្ទះតាំងពីថ្ងៃទី២៥ ខែសីហា បន្ទាប់ពីពួកគាត់បានរុញច្រានទាហានថៃឱ្យដកថយ និងបានរុះរើបន្លាលួសដែលទាហានថៃដាក់ព័ទ្ធផ្ទះពួកគាត់។
មេបញ្ជាការភូមិភាគ២របស់ថៃឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) បានលើកឡើងក្រោយកិច្ចប្រជុំជាមួយមេបញ្ជាការយោធភូមិភាគ៤របស់កម្ពុជាឧត្តមសេនីយ៍ឯក ពៅ ហេង នៅថ្ងៃទី២៧ ខែសីហា ថា លោកបានបដិសេធសំណើកម្ពុជា ដែលចង់ឱ្យរុះរើបន្លាលួសដែលទាហានថៃបានដាក់ពង្រាយតាមព្រំដែន ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា។ មេទ័ពភូមិភាគថៃរូបនេះក៏បានបញ្ជាក់ជាថ្មីថា លោកបានបញ្ជាឱ្យកូនទាហានបើកការបាញ់ប្រហារភ្លាម ប្រសិនបើទាហានកម្ពុជាចូលទៅរុះរើបន្លាលួស ហើយនឹងបើកការវាយប្រហារដណ្ដើមប្រាសាទតាក្របីពីកម្ពុជា ប្រសិនបើចាំបាច់។
បើទោះបីជាមេទ័ពថៃលើកឡើងបែបនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា បានបង្ហោះលើហ្វេសប៊ុកស្វាគមន៍ដោយអបអរលទ្ធផលនៃកិច្ចប្រជុំ រវាងមេបញ្ជាការយោធភូមិភាគ៤កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគ២របស់ថៃ ដោយយោធាទាំងពីរបន្តឯកភាពគ្នាអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងបង្កើនជំនឿទុកចិត្តគ្នា ដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។