ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទេរ៉េស កាលពីថ្ងៃទី២៧ ខែសីហា ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
ទំព័រហ្វេសប៊ុករបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងនៅថ្ងៃទី២៩ ខែសីហា ថា តំណាងកម្ពុជាបានរាយការណ៍ប្រាប់ប្រធានអង្គការសហប្រជាជាតិ ថា កម្ពុជាតែងតែគោរពបទឈប់បាញ់ និងអត់ធ្មត់ចំពោះសកម្មភាពរំលោភលើបទឈប់បាញ់របស់ភាគីថៃ។
ក្នុងជំនួបនោះ ភាគីកម្ពុជាបានលើកឡើងពីការបារម្ភយ៉ាងខ្លាំងចំពោះទង្វើបង្កហេតុរបស់ទាហានថៃ ដែលបានរាយបន្លាលួសតាមព្រំដែន កាត់យកភូមិពលរដ្ឋខ្មែរ និងបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងដែលបានរស់នៅយូរមកហើយ។
តំណាងអចិន្ត្រៃយ៍កម្ពុជាបានពន្យល់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាមិនបានប្រើប្រាស់មីនថ្មី ដូចការចោទប្រកាន់ពីភាគីថៃឡើយ ហើយបានដាក់រូបថតនៃមីនចាស់សល់ពីសង្គ្រាម និងមីនថ្មី ដែលប្រមូលដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) រួមទាំងរូបថតទាហានថៃរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិ។
សារព័ត៌មានថៃ The Nation បានរាយការណ៍នៅថ្ងៃទី២៩ ខែសីហា ថា យោធាថៃបានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅភូមិបានណងចាន់ ក្នុងខេត្តស្រះកែវ ដែលស្ថិតនៅទល់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដើម្បីរារាំងសកម្មភាពរុះរើបន្លាលួសដែលខ្លួនបានដាក់រំលោភចូលដីខ្មែរ។
តាមច្បាប់អាជ្ញាសឹកនេះ អ្នកដែលត្រូវចោទប្រកាន់ថា បានលួចបន្លាលួស អាចប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់១សែនបាត ឬប្រហែល៣ពាន់ដុល្លារ ហើយចំពោះអ្នករងការចោទថា បំពានបូរណភាពទឹកដីថៃ នឹងត្រូវកាត់ទោសប្រហារជីវិត ឬប្រឈមជាប់គុកអស់មួយជីវិត។
ជុំវិញការព្រមានការប្រើច្បាប់អាជ្ញាសឹកពីភាគីថៃនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេនៅថ្ងៃទី២៩ ខែសីហា។
ការចេញច្បាប់អាជ្ញាសឹកនេះ បានធ្វើឡើងស្របពេលពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាតាំងពីថ្ងៃទី១៣ ខែសីហា បន្ទាប់ពីក្រុមទាហានថៃចូលមករាយបន្លាលួសព័ទ្ធផ្ទះពួកគាត់ និងបណ្ដេញពួកគាត់ចេញពីផ្ទះសម្បែង រួមទាំងបានឈូសឆាយផ្ទះអស់មួយចំនួន។ ជាមួយគ្នានេះ យោធាថៃក៏បានគំរាមរុះរើនិងឈូសឆាយផ្ទះពលរដ្ឋខ្មែរដែលនៅសេសសល់។
ក្រុមអង្គការ សមាគម និងសហជីពចំនួន៧៣ស្ថាប័នចេញសេចក្ដីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលថៃ ដោះលែងទាហានខ្មែរទាំង១៨រូបជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យពួកគាត់បានវិលមកជួបជុំក្រុមគ្រួសារវិញ ដោយសារតែទាហានខ្មែរទាំងនោះ ត្រូវបានទាហានថៃប្រើកលល្បិចចូលចាប់ខ្លួនធ្វើជាឈ្លើយសឹក ក្រោយពីប្រទេសទាំងពីរមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះលើកឡើងថា ការបន្តឃុំខ្លួនទាហានខ្មែរទាំង១៨នាក់ គ្រាន់តែជាការបន្តបញ្ឆេះភាពតានតឹង និងរារាំងដំណើរការផ្សះផ្សា ខណៈប្រទេសជិតខាងទាំងពីរ ត្រូវកសាងសុខសន្តិភាពរួមគ្នាមួយដែលឋិតថេរ និងយូរអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។